បក្ស​សង្គ្រោះ​ជាតិ តវ៉ា​ជំទាស់​ការធ្វើបាប​អតីត​មន្ត្រី និង​ជា​គ្រូបង្រៀន


រូបឯកសារ៖ លោកស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល។

តាមសេចក្តី​រាយការណ៍​សារព័ត៌មាន​នានា​ឱ្យ​ដឹង​ថា ​លោក​ ស៊ុន ធន់ ត្រូវ​បាន​ជន​មិន​ស្គាល់​ឈ្មោះ​​ចំនួន​បួន​នាក់​វាយ​ធ្វើ​បាប​កាលពី​ថ្ងៃទី​២៨​ខែ​មិថុនា ហើយ​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ជាច្រើនថ្ងៃដោយ​មិន​ឱ្យ​គ្រួសារ​ទៅជួប​ទេ​មុន​នឹង​ដោះលែង​មកវិញ។


អតីត​បក្ស​ប្រឆាំង បាន​តវ៉ា​ទៅ​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អឺរ៉ុប​ក្នុង​ករណី​ធ្វើទុក្ខ​បុកម្នេញ​អតីត​សកម្មជន​ដ៏​លេចធ្លោ​ចំនួន​ពីររូប​ទាំងនៅ​ក្នុង​សកម្ម​ភាព​នយោបាយ និង​ការងារ។
នៅ​ក្នុង​លិខិត​ទៅ​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្សរបស់​អង្គការ​សហប្រជាជាតិ និង​តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេសដែល VOA ទទួល​បាន​នៅ​ថ្ងៃច័ន្ទ​នេះ លោកស្រី មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ បាន​រៀបរាប់​ពី​ការធ្វើ​ទុក្ខ​លើ​លោក ថៃ ទឹម និង​លោក ស៊ុន ធន់ ​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​របស់​គណបក្ស និង​ជា​គ្រូបង្រៀន​នៅក្នុង​ខេត្ត​កំពង់ធំ ដើម្បី​ឱ្យ​អ្នក​ទាំងពីរ​ចុះចូល​ជាមួយ​នឹង​គណបក្ស​កាន់អំណាច និង​បដិសេធ​ចោល​ការធ្វើ​សកម្មភាព​ជាមួយ​នឹង​អតីត​បក្ស​ប្រឆាំង​ចាប់​ពី​ដំណាច់​ខែមិថុនា​តទៅ។
លោកស្រី​ មូរ សុខហួរ ​បាន​បន្ថែម​ថា៖
«យើង​មាន​ភស្តុតាង​ច្បាស់​ដែល​ថា​លោក​អភិបាល​ខេត្ត​បាន​បញ្ជា​ឱ្យ​ការិយាល័​យ​អប់រំស្រុក​បណ្តេញ​លោកគ្រូ​ទាំងពីរ។ ពួកគេ​ត្រូវ​បាន​ទម្លាក់ឋានៈនិង​តួនាទី​ចាប់តាំងពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវបាន​រំលាយ​ក្នុង​ឆ្នាំ​២០១៧‍»។​
តាមសេចក្តី​រាយការណ៍​សារព័ត៌មាន​នានា​ឱ្យ​ដឹង​ថា ​លោក​ ស៊ុន ធន់ ត្រូវ​បាន​ជន​មិន​ស្គាល់​ឈ្មោះចំនួន​បួន​នាក់​វាយ​ធ្វើ​បាប​កាលពី​ថ្ងៃទី​២៨​ខែ​មិថុនា ហើយ​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ជាច្រើនថ្ងៃដោយ​មិន​ឱ្យ​គ្រួសារ​ទៅជួប​ទេ​មុន​នឹង​ដោះលែង​មកវិញ។
លោក​ ស៊ុន ធន់ ក៏​ជា​អ្នក​ដែល​តែង​តែ​ចូលរួម​បញ្ចេញមតិ​ជាប្រចាំនៅវេទិកាពិភាក្សា​តាម​វិទ្យុ​របស់ ​VOA ផងដែរ។
អាជ្ញាធរ​កម្ពុជា​នៅ​មិន​ទាន់​មាន​ការឆ្លើយតប​យ៉ាងណា​ពី​ការចោទប្រកាន់​នេះ​នៅ​ឡើយទេ។
សម្ពាធ​មកលើ​អ្នកគាំទ្រ​អតីត​បក្ស​ប្រឆាំង​បាន​កើនឡើង​បន្ទាប់​ពី​លោក សម រង្ស៊ី​ ប្រធាន​ស្តី​ទី គណបក្ស បាន​ប្រកាស​ពី​គម្រោង​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​នៅ​ចុងឆ្នាំ​នេះ ​ដើម្បី​បន្ត​ជីវភាព​នយោបាយ​នៅក្នុង​ប្រទេស បន្ទាប់ពី​រស់នៅ​នីរទេស​ខ្លួន​អស់​ជាងពីរឆ្នាំ៕