រកឃើញ​ហ្វូស៊ីល​មនុស្ស​អាយុកាល ៨ម៉ឺន​ឆ្នាំ​ក្នុងរូងភ្នំ​មួយ​នៅ​ឡាវ

អ្នក​វិទ្យាសាស្រ្ត​បារាំង បាន​រកឃើញ​ហ្វូស៊ីល​មនុស្ស​​ដែលមាន​អាយុកាល​ ៨ម៉ឺនឆ្នាំ​នៅក្នុង​រូងភ្នំ Pha Ling ខេត្ត Huaphan ប្រទេសឡាវ។ នេះ​គឺជា​ហ្វូស៊ីល​ដ៏​ចំណាស់​ជាងគេ​បំផុត​មួយ​ដែលត្រូវ​បាន​រកឃើញ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ នេះបើតាម​ការចុះផ្សាយរបស់​ The South East Asia Globe កាលពី​សប្តាហ៍​មុន។



អ្នកស្រាវជ្រាវ​បារាំង​មួយរូបលោក​បណ្ឌិត Fabrice Demeter  បាន​និយាយថា ពួកគេ​បាន​រកឃើញ​ហ្វូស៊ីល​មនុស្ស​ចំនួន​៧នាក់ ក្នុងរូងភ្នំ​នេះ ដែលមាន​អាយុកាលពី ៥ម៉ឺន ទៅ ៨ម៉ឺនឆ្នាំ។ ហ្វូស៊ីលទាំងនេះ គឺ​តំណាង​ឱ្យមនុស្ស​ទំនើប (Homo Sapiens) ដែល​មាន​អាយុកាល​ដ៏ចំណាស់បំផុត​ក្នុង​តំបន់។


លោក​បាន​ឱ្យ​ដឹងថា គម្រោង​ស្រាវជ្រាវ​ ឡាវ-បារាំង នៅរូងភ្នំ Pha Ling និង​តំបន់​ជុំវិញ បាន​ធ្វើឡើង​អស់រយៈពេល​ជាច្រើនឆ្នាំ​មកហើយ ប៉ុន្តែ​ទើបតែបានរកឃើញភស្តុតាង​ប្រវត្តិសាស្រ្តនេះ កាលពីខែធ្នូកន្លងទៅ។
ហ្វូស៊ីល​មួយ​ចំនួន​នឹងត្រូវបញ្ជូនទៅ​ប្រទេស​បារាំង​ដើម្បីដាក់តាំងពិព័រណ៍ និង​ពិនិត្យ ហើយនឹងត្រូវបញ្ជូន​មកប្រទេស​ឡាវវិញ នៅឆ្នាំ​ក្រោយ។
លោក Phonephanh Sychanthongthid មន្រ្តី​នាយកដ្ឋាន​បេតិកភណ្ឌ​នៃក្រសួង​ព័ត៌មាន វប្បធម៌ និងទេសចរណ៍​ប្រទេសឡាវ បាន​ថ្លែងប្រាប់ Vientiane Times នៅថ្ងៃទី១៦ ខែមករា ឆ្នាំ​២០១៩​ថា ក្រសួង​កំពុងតែ​ស្នើដាក់​រូងភ្នំ Pha Ling និង​តំបន់​ជុំវិញ ជា​តំបន់​បេតិកភណ្ឌ​ជាតិ​មួយ។
លោក​បន្ត​ថា រូង​ភ្នំនេះ​មាន​តម្លៃ​ជា​ប្រវត្តិសាស្រ្ត​ដ៏​សំខាន់ ហើយ​មិនតែ​ប៉ុណ្ណោះ​វា​ស្ថិតក្នុង​តំបន់​អភិរក្ស​ Nam Et Phou Loey National ផងដែរ។ លោក​ថា ដូច្នេះ​មាន​មូលហេតុ​គ្រប់គ្រាន់​ ក្នុង​ការដាក់​ជា​តំបន់​បេតិកភណ្ឌ​ជាតិ ដែល​អាច​ធ្វើឱ្យ​ទីនោះ ក្លាយ​ជាតំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត៕